សង្ឃឹមថាព្រឹកស្អែកនេះ អ្នកភូមិវ៉ើតប្រេសនឹង បានទៅវត្តគ្រប់ៗគ្នា !!! ដើម្បីអបអរ និង អនុមោទនា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ខ្ញុំបានឆ្លៀតពេលមួយរសៀលថ្ងៃអាទិត្យនេះ និពន្ធកំណាព្យបានបួនដប់ល្បះ ទុកជាធម្មទាន និង ជាគតិសម្រាប់ប្រៀនប្រដៅអប់រំដល់ក្មេងៗជំនាន់ក្រោយកុំឲ្យភ្លេចបុណ្យប្រពៃណី និង សាសនារបស់ខ្លួន ។
បើមានចំណុចខ្វះខាតដោយប្រការណាមួយ សូមអ្នកភូមិជួយបញ្ចេញមតិយោបល់ កែលម្អ !!!
ខាងក្រោមនេះជាអត្ថបទកំណាព្យរបស់ខ្ញុំ៖
១- ក ការកាន់បិណ្ឌតាមប្រពៃ ខ ខំលកលៃនឹកដូនតា
គ គិតគ្រប់គ្នាបុត្រធីតា ឃ ឃើញញាតិកាសុខសិរី ។
២- ង ងាកចិន្ដាប្រឹងសន្សំ ច ចាត់រៀបចំប្រុងស្មារតី
ឆ ឆាប់ឧទ្ទិសបុព្វការី ជ ជនប្រុសស្រីថ្ងៃបុណ្យទាន ។
៣- ឈ ឈប់និន្ទាឈ្នានីសគ្នា ញ ញឹមគ្រប់គ្រានាំសុខសាន្ដ
ដ ដាក់បាយបិណ្ឌតាមលំអាន ឋ ឋិតដល់ឋានទីងងឹត ។
៤- ឌ ឌឺដងគ្នានាំចំបែង ឍ ធានាថ្លែងតែពាក្យពិត
ណ ណែនាំញាតិកុំធ្វេសចិត្ត ត តាំងគំនិតគ្រប់អាត្មា ។
៥- ថ ថ្នមថែថួនតរៀងទៅ ទ ទាញកូនចៅទៅវត្តវ៉ា
ធ ធូបបូជាបុណ្យសាសនា ន នាំកាយាបានកុសល ។
៦- ប បោះបាយបិណ្ឌជូនដូនតា ផ ផុតទុក្ខាបុណ្យតបផ្ដល់
ព ពេញដោយចិត្តឥតកិច្ចកល ភ ភ្ជុំមកដល់ជួបជុំគ្នា ។
៧- ម មានបាយនំម្ហូបចំណី យ យើងឃ្មាតឃ្មីគ្រប់ទិវា
រ រីករាយក្រៃសុខរម្យនា ល លែងវេទនាប្រេតអវិចី ។
៨- វ វត្តអារាមពេលទៀបភ្លឺ ស ស័ព្ទរន្ទឺជនប្រុសស្រី
ហ ហារហៅគ្នារៀបចំណី ឡ ឡើងឃ្មាតឃ្មីសែនដូនតា ។
៩- អ អស់សេចក្ដីក្នុងកំណាព្យ ចុងចួនជើងកាព្យនឹងស្ដីហារ
មានតែឧទ្ទិសជូនញាតិកា វេលាថ្លៃថ្លាបុណ្យភ្ជុំបិណ្ឌ ៕
ដោយ CHII WITT
0 Comments